15 Free YouTube subscribers for your channel
Get Free YouTube Subscribers, Views and Likes

40. ប្រាសាទរាជ្យទាំង១០ នាសម័យអង្គរ Angkor Cambodia / by CAMBODIA1

Follow
Domra History (តម្រាប្រវត្តិសាស្ត្រ)

ប្រាសាទរាជ្យធំៗទាំង១០នាសម័យអង្គរ

(Cambodia1)៖ សម័យអង្គរគឺជាសម័យដែលរុងរឿងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដោយគិតចាប់ពីសតវត្សទី៩១៥នៃគ្រិស្ដសករាជ (៦០០ឆ្នាំ) ដែលអ្នកប្រវត្តិសាស្ត្របានប្រសិទ្ធនាមថា សម័យមហានគរ។ នៅក្នុងយុគសម័យមាសនេះដែរ ព្រះមហាក្សត្រខ្មែរបានផ្លាស់ប្ដូររាជធានីជាច្រើនលើក នេះក៏ព្រោះតែដោយសារបុព្វហេតុបង្រួបបង្រួមទឹកដី នយោបាយ សាសនា សង្គ្រាមជាដើម។ នៅកណ្ដាលរាជធានីនីមួយៗ គេឃើញមានការស្ថាបនានូវប្រាសាទរាជ្យដ៏ធំលើសគេសម្រាប់តម្កល់វត្ថុស័ក្តិសិទ្ធិរក្សាការពារព្រះនគរ និងផ្ដល់ឫទ្ធានុភាពដល់ព្រះមហាក្សត្រ មានដូចជាព្រះសិវលិង្គ រូបបដិមាព្រះវិស្ណុ ព្រះពោធិសត្វអវលោកេស្វរៈជាដើម។

ខាងក្រោមនេះជាឈ្មោះប្រាសាទរាជ្យធំៗទាំង១០នាសម័យអង្គរ៖

១. ប្រាសាទអារាមរោងចិន
ប្រាសាទអារាមរោងចិន ជាប្រាសាទរាជ្យនៅរាជធានីមហេន្ទ្របព៌ត ឬមហេន្ទ្របវ៌្វត ពោលគឺភ្នំគូលែនបច្ចុប្បន្ន ខណៈទីតាំងប្រាសាទគឺស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី២ (៨០២៨៥០) នាដើមសតវត្សទី៩។

២. ប្រាសាទបាគង
ប្រាសាទបាគង ជាប្រាសាទរាជ្យនៅរាជធានីហរិហរាល័យ ដែលបច្ចុប្បន្នស្ថិតនៅតំបន់រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទដ៏ខ្ពស់ស្កឹមស្កៃនេះមានទ្រង់ទ្រាយធំជាងប្រាសាទអារាមរោងចិន ដែលត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ (៨៧៧៨៨៩) នាគ្រិស្ដសករាជ៨៨១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដោយបានតម្កល់ព្រះសិវលិង្គឈ្មោះថា ឥន្ទ្រេស្វរៈ។

៣. ប្រាសាទភ្នំបាខែង
ប្រាសាទភ្នំបាខែង ជាប្រាសាទរាជ្យធំនិងខ្ពស់ជាងគេមួយនៅរាជធានីយសោធរបុរៈទី១ ដែលនៅលើភ្នំបាខែងនាខេត្តសៀមរាបបច្ចុប្បន្ន។ ប្រាសាទភ្នំមួយនេះត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩៩០១) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដោយមានតម្កល់នូវព្រះសិវលិង្គធ្វើអំពីមាសឈ្មោះថា យសោធរេស្វរៈ ឬស្រីយសោធរេស្វរៈ ខណៈឈ្មោះដើមរបស់ប្រាសាទភ្នំបាខែងនេះគឺហៅថា យសោធរគិរី។

៤. ប្រាសាទប្រាង្គ
ប្រាសាទប្រាង្គ ឬប្រាសាទធំ គឺជាប្រាសាទរាជ្យនៅរាជធានីលិង្គបុរៈ ឬឆោកគគ៌្យរ ដែលយើងស្គាល់ថាជាតំបន់កោះកេរ នៅស្រុកគូលែន ខេត្តព្រះវិហារបច្ចុប្បន្ន។
ប្រាសាទរាងសាជី៧ជាន់នេះត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៤ (៩២៨៩៤១) នាគ្រិស្ដសករាជ៩៣១ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ឬព្រះសិវៈ ដោយមានព្រះសិវលិង្គឈ្មោះ ត្រីភូវនេស្វរៈ។

៥. ប្រាសាទប្រែរូប
ប្រាសាទប្រែរូប ត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤៩៦៨) នៅគ្រិស្ដសករាជ៩៦១។ នៅប្រាង្គកណ្ដាលមានតម្កល់ព្រះសិវលិង្គឈ្មោះថា ស្រីរាជេន្ទ្រភទ្រេស្វរៈ ដែលមានន័យថា ព្រះឥសូរជាអម្ចាស់នៃភាពរុងរឿងប្រកបដោយមង្គល ហើយនៅប្រាង្គជ្រុងឦសានក៏មានតម្កល់លិង្គទេវរាជមួយទៀតឈ្មោះថា រាជេន្ទ្រវម៌េស្វរៈ ផងដែរ។ បច្ចុប្បន្នប្រាសាទឥដ្ឋមួយនេះស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺតាមបណ្ដោយផ្លូវវង់ធំ ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរ។

៦. ប្រាសាទតាកែវ
បន្ទាប់ពីព្រះបាទរាជេន្ទ្រវម៌្មទី២ចូលទិវង្គតនៅឆ្នាំ៩៦៨នោះទៅ ព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះបាទជ័យវម៌្មទី៥ (៩៦៨១០០១) បានឡើងសោយរាជ្យបន្ត និងបានកសាងរាជធានីថ្មីមួយទៀតមានឈ្មោះថា ជយេន្ទ្រនគរី ហើយបានស្ថាបនាហេមគិរី ឬប្រាសាទតាកែវបច្ចុប្បន្ន សម្រាប់ជាប្រាសាទរាជ្យក្នុងរជ្ជកាលព្រះអង្គ។ ព្រះបាទជ័យវម៌្មទី៥បានស្ថាបនាប្រាសាទនេះឡើងនាចុងសតវត្សទី១០ និងបានបញ្ចប់ការសាងសង់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ (១០០២១០៥០) នាដើមសតវត្សទី១១។ គួរជម្រាបថា បច្ចុប្បន្នប្រាសាទតាកែវស្ថិតនៅភូមិរហាល ឃុំនគរធំ ស្រុកអង្គរធំ ខេត្តសៀមរាប ពោលគឺនៅតាមបណ្ដោយផ្លូវវង់តូច ដែលជាផ្លូវទស្សនារមណីយដ្ឋានអង្គរ។

៧. ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាសមានឈ្មោះហៅដើមហៅថា «ហេមស្រឹង្គគិរី» ដែលត្រូវបានស្ថាបនាឡើងដំបូងក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩៩១០) បន្តមកដល់រជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤៩៦៨) និងព្រះបាទជ័យវម៌្មទី៥ (៩៦៨១០០១) ហើយត្រូវបានបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ (១០០២១០៥០) ក្នុងព្រះរាជបំណងតាំងជាប្រាសាទរាជ្យរបស់ព្រះអង្គ។ បច្ចុប្បន្នប្រាសាទភិមានអាកាសស្ថិតនៅទិសពាយព្យនៃក្រុងអង្គរធំ។

៨. ប្រាសាទបាភួន
ប្រាសាទបាភួន ឬបាពួន ជាប្រាសាទរាជ្យធំមួយនៃរាជធានីយសោធរបុរៈទី២ (ក្រុងអង្គរទី២) ដែលត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវម៌្មទី២ (១០៥០១០៦៦) ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ។ ប្រាសាទធំមួយនេះមានឈ្មោះដើមហៅថា ភូវនតិលក។ នៅសម័យលង្វែកគេហៅប្រាសាទនេះថា ត្រៃលោក្យតិលក ដែលមានន័យថា ឋានទាំងបី ប៉ុន្តែសិលាចារឹកសម័យលង្វែកដដែលនោះមានបញ្ជាក់ថា ប្រាសាទបាភួនមានឈ្មោះដើមហៅថា ហេមាទ្រី ដែលមានន័យថា ភ្នំមាស។
បច្ចុប្បន្ន ប្រាសាទបាភួនគឺមានទីតាំងស្ថិតក្នុងក្រុងអង្គរធំ ប៉ុន្តែប្រាសាទនេះគឺសាងសង់មុនក្រុងអង្គរធំ និងប្រាសាទបាយ័ន្តនោះទៅទៀត។

៩. ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត ឬអង្គរតូចមានឈ្មោះដើមហៅថា ព្រះបរមវិស្ណុលោក ដែលមានន័យថា ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម។ មហាស្ថាបត្យកម្មដ៏អស្ចារ្យនេះ ត្រូវបានស្ថាបនាឡើងនាដើមសតវត្សទី១២ ក្រោមស្នាព្រះហស្ដព្រះបាទសូរ្យវម៌្មទី២ (១១១៣១១៥០) ជាក្សត្រមកពីរាជធានីមហិធរបុរៈ។

១០. ប្រាសាទបាយ័ន្ត
ប្រាសាទបាយ័ន្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ នាចុងសតវត្សទី១២ ដែលជាប្រាសាទរាជ្យនៃក្រុងយសោធរបុរៈទី៣ គឺក្រុងអង្គរធំបច្ចុប្បន្ន។ ស្ថាបត្យកម្មដ៏ធំនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះពោធិសត្វអវលោកេស្វរៈក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនារបស់រដ្ឋនារជ្ជកាលព្រះបាទជ័យវម៌្មទី៧។ សូមជម្រាបថា ក្រុងអង្គរធំនេះគឺជារាជធានីចុងក្រោយបង្អស់នាសម័យអង្គរ ពោលគឺចាប់ពីរជ្ជកាលព្រះបាទជ័យវម៌្មទី៧ រហូតដល់ការចាកចោលក្រុងអង្គរនាដើមរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ទី២ ឬព្រះពញ៉ាយ៉ាត៕

posted by estravia64